អបអរសាទរ បុរសអាយុ៣៨ឆ្នាំ ដែលបានឆ្លងជំងឺកូវីដពីជនជាតិជប៉ុន បានជាសះស្បើយហើយ

តាមប្រភពពត៌មានពីទំព័រហ្វេបុករដ្ឋបាលខេត្តសៀមរាបបានធ្វើការបង្ហោះសារនៅមុននេះបន្តិចថា សូមអបអរសាទរ បុរសអាយុ ៣៨ឆ្នាំ ដែលបានឆ្លងជំងឺកូវីដពីជនជាតិជប៉ុន បានជាសះស្បើយ និងចេញពីមន្ទីរពេទ្យនារសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ និងសូមជូនពរឲ្យមានសុខភាពល្អ និងជួបប្រទះតែពុទ្ធពរទាំងាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ចង់ជ្រាបអោយកាន់តែច្បាស់ជាងនេះថែមទៀតសូមប្រិយមិត្តអ្នកអានទាំងអស់អានខ្លឹមសាររបស់រដ្ឋបាលខេត្តសៀមរាបនៅខាងក្រោមនេះដូចតទៅ៖

រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ និង សាធារណជនទាំងអស់ឱ្យបានជ្រាបថា ៖ គិតត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ អ្នកជំងឺ ០១នាក់ ដែល ជាបុរសជនជាតិខ្មែរ អាយុ ៣៨ឆ្នាំ ដែលបានឆ្លងជំងឺ កូវីដ១៩ ពីជនជាតិជប៉ុន បានជាសះស្បើយ និង បានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ សូមបញ្ជាក់ថា ៖ ការធ្វើតេស្តត្រួតពិនិត្យលើអ្នកជំងឺ ដែលបានជាសះស្បើយខាងលើនេះ ទទួលបានលទ្ធផលអវិជ្ជមាន ២ដង ជាប់គ្នាក្នុងរយៈពេល ៤៨ម៉ោង។

ក្រុមគ្រូពេទ្យជំនាញនឹងអនុញ្ញាត ឱ្យគាត់វិលត្រឡប់ទៅគេហដ្ឋានរបស់ខ្លួនវិញ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នេះផងដែរ។ សេចក្ដីដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន។