អបអរសាទរនៅពេលនេះស្រទាប់អូហ្សូនរបស់ផែនដី កំពុងជួសជុលផ្នែកប្រហោងរបស់វា ឡើងវិញហើយ

បរទេស៖ ជិត ៣៣ ឆ្នាំមុន ប្រទេសចំនួន ១៩៧ បានចុះហត្ថលេខាលើអនុសញ្ញាម៉ុងត្រេអាល់ ១៩៨៧។ បីទសវត្សក្រោយមក យើងកំពុងទទួលបានអត្ថប្រយោជន៍ ដែលស្រទាប់អូហ្សូននៅលើតំបន់អង់តាក់ទិក ហាក់ដូចជាកំពុងជួសជុលឡើងវិញ។ នៅឆ្នាំ ១៩៨៥ អ្នកវិទ្យាសាស្ដ្របានរកឃើញប្រហោងដ៏ធំមួយ នៅក្នុងស្រទាប់អូហ្សូន ដែលបណ្ដាលមកពីការប្រើប្រាស់របស់មនុស្ស នៃសារធាតុមួយដែលត្រូវបានគេស្គាល់ថា chlorofluorocarbons (CFCs)។

សារធាតុនេះត្រូវបានគេរកឃើញនៅក្នុង ស្ព្រាយបាញ់សក់ ទូទឹកកក និងកំប៉ុងបាញ់ថ្នាំជាច្រើនទៀត។ វាអាចបំផ្លាញស្រទាប់អូហ្សូនយ៉ាងធ្ងន់ធ្ងរ ដែលនៅក្នុងឆ្នាំ ១៩៨៧ កិច្ចព្រមព្រៀងជាអន្ដរជាតិហៅថា «អនុសញ្ញាម៉ុងត្រេអាល់» ត្រូវបានអនុម័ត។យោងទៅតាមអ្នកវិទ្យាសាស្ដ្រ ស្ថានភាពនៃស្រទាប់អូហ្សូនមានការផ្លាស់ប្ដូរយ៉ាងខ្លាំង នៅក្នុងចរន្ដអាកាស ដែលគេហៅថា jet steams ដែលរសាត់ទៅកាន់ប៉ូលខាងជើងនិងខាងត្បូងរបស់ផែនដី នៅរយៈកម្ពស់ខ្ពស់។

ដោយសារតែការថយចុះនៃអូហ្សូន jet steams ទាំងនេះបានរសាត់ហួសទៅតំបន់ខាងត្បូងច្រើនជាងពេលធម្មតា ដែលបណ្ដាលឲ្យមានភ្លៀងធ្លាក់ នៅអាមេរិកខាងត្បូង អាហ្វ្រិកខាងកើត និងអូស្ត្រាលី និងការផ្លាស់ប្ដូរចរន្តមហាសមុទ្រនិងទឹកប្រៃ។

ទោះជាយ៉ាងណា ការសិក្សានៅក្នុងឆ្នាំ ២០២០ នេះ ពីសាកលវិទ្យាល័យ University of Colorado Boulder បាននិយាយថា កាលពីឆ្នាំមុន ប្រហោងអូហ្សូនបានរួមតូចជាងគេបំផុត ចាប់តាំងពីវាត្រូវបានគេរកឃើញ នៅទសវត្សឆ្នាំ ១៩៨០។ របាយការណ៍ឆ្នាំ ២០១៨ ពីអង្គការសហប្រជាជាតិបានឲ្យដឹងថា ប្រហោងស្រទាប់អូហ្សូនអាចនឹងត្រូវបានជួសជុលទាំងស្រុងនៅឆ្នាំ ២០៦០ ហើយនៅតំបន់ខ្លះនៃពិភពលោក វាអាចនឹងផ្សះលឿនជាងនេះ នៅឆ្នាំ ២០៣០៕ប្រភព៖Khmerload